ដានីយ៉ែល 4
4
សេចក្ដីប្រកាសរបស់នេប៊ូក្នេសា
1យើង នេប៊ូក្នេសាជាស្ដេច ជូនចំពោះអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាដែលរស់នៅលើផែនដីទាំងមូល។
សូមឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាបានចម្រើនឡើងចុះ!
2ជាការគាប់ចិត្តដល់យើង ដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានធ្វើដល់យើង។
3ទីសម្គាល់របស់ព្រះអង្គធំយ៉ាងណាហ្ន៎!
ការអស្ចារ្យរបស់ព្រះអង្គខ្លាំងយ៉ាងណាហ្ន៎!
អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប
រាជ្យអំណាចរបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ។
សុបិនរបស់នេប៊ូក្នេសា
4យើង នេប៊ូក្នេសា បានរស់នៅយ៉ាងសុខស្រួលក្នុងដំណាក់របស់យើង ហើយបានចម្រុងចម្រើននៅក្នុងរាជវាំងរបស់យើង។ 5យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។ 6ដោយហេតុនេះ យើងបានចេញបញ្ជាឲ្យនាំអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនចូលមកនៅចំពោះយើង ដើម្បីឲ្យពួកគេបានធ្វើឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះ។ 7ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយក៏ចូលមក ហើយយើងប្រាប់យល់សប្តិនោះដល់ពួកគេ ប៉ុន្តែពួកគេឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះមិនបានឡើយ។
8នៅទីបំផុត ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ តាមនាមនៃព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់ បានចូលមកនៅចំពោះយើង។ យើងក៏ប្រាប់យល់សប្តិនោះដល់គាត់ថា៖ 9“បេលថិស្សាសារដែលជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថាមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក ហើយគ្មានអាថ៌កំបាំងណាមួយពិបាកសម្រាប់អ្នក ដូច្នេះចូរប្រាប់និមិត្តនៃយល់សប្តិដែលយើងបានឃើញ និងការកាត់ស្រាយនៃយល់សប្តិនេះចុះ! 10និមិត្តនៅក្នុងក្បាលរបស់យើងនៅលើគ្រែនោះ គឺដូច្នេះ:
យើងបានមើល នោះមើល៍! មានដើមឈើមួយនៅកណ្ដាលផែនដី
ហើយកម្ពស់វាខ្ពស់ក្រៃលែង!
11ដើមឈើនោះបានធំឡើង ហើយបានជាមាំ
រីឯកម្ពស់របស់វាដល់មេឃ
ហើយវាត្រូវបានមើលឃើញពីចុងបំផុតនៃផែនដីទាំងមូល។
12ស្លឹករបស់វាស្អាតណាស់ ផ្លែរបស់វាក៏បរិបូរ
ហើយនៅក្នុងវា មានអាហារសម្រាប់គ្រប់គ្នា។
សត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា
បក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វា
ហើយគ្រប់ទាំងសាច់ត្រូវបានចិញ្ចឹមពីវា។
13“ពេលនៅលើគ្រែ យើងបន្តសង្កេតមើលក្នុងនិមិត្តនៅក្នុងក្បាលរបស់យើង នោះមើល៍! មានអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ 14ក៏ស្រែកឡើងយ៉ាងខ្លាំង ហើយនិយាយដូច្នេះថា:
‘ចូរកាប់រំលំដើមឈើនេះ ហើយកាត់មែករបស់វាចោល!
ចូរអង្រួនជម្រុះស្លឹករបស់វា ហើយកម្ចាត់កម្ចាយផ្លែរបស់វា!
ចូរឲ្យសត្វព្រៃរត់ចេញពីក្រោមវា
ចូរឲ្យបក្សាបក្សីរត់ចេញពីមែកវា!
15យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី
ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។
ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ
ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៅក្នុងស្មៅនៃផែនដី។
16ចូរឲ្យចិត្តរបស់វាបានផ្លាស់ប្ដូរពីមនុស្ស
ហើយឲ្យចិត្តរបស់សត្វព្រៃដល់វាវិញ
រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា។
17សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍
សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ
ដើម្បីឲ្យមនុស្សរស់បានដឹងថា
ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស
ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ
ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
18“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
សុបិនត្រូវបានកាត់ស្រាយ
19ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។
បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ! 20ដើមឈើដែលព្រះករុណាបានទតឃើញ ដែលធំឡើង ហើយបានជាមាំ រហូតដល់កម្ពស់របស់វាបានដល់មេឃ ហើយត្រូវបានមើលឃើញពីផែនដីទាំងមូល 21ដែលស្លឹករបស់វាស្អាត ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវាមានអាហារសម្រាប់គ្រប់គ្នា ដែលសត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា ហើយបក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វានោះ 22ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
23“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ 24ព្រះរាជាអើយ នេះជាការកាត់ស្រាយ និងជាការសម្រេចរបស់ព្រះដ៏ខ្ពស់បំផុត ដែលមកដល់ព្រះរាជាព្រះអម្ចាស់នៃខ្ញុំព្រះបាទ 25គឺព្រះករុណានឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់ព្រះករុណានឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យព្រះករុណាសោយស្មៅដូចគោ ហើយព្រះករុណានឹងត្រូវទទឹកដោយសន្សើមពីមេឃ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីព្រះករុណា គឺរហូតទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ។ 26រីឯដូចដែលត្រូវបានបង្គាប់ឲ្យទុកដង្គត់ និងឫសរបស់ដើមឈើនោះយ៉ាងណា អាណាចក្ររបស់ព្រះករុណាក៏នឹងនៅស្ថិតស្ថេរដល់ព្រះករុណាយ៉ាងនោះដែរ កាលណាព្រះករុណាជ្រាបថា ស្ថានសួគ៌គ្រប់គ្រង។ 27ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
ការកាត់ទោសត្រូវបានបំពេញឲ្យសម្រេច
28ការទាំងអស់នេះបានធ្លាក់មកលើព្រះបាទនេប៊ូក្នេសា 29គឺពេលផុតដប់ពីរខែ ទ្រង់កំពុងយាងលើដំបូល#4:29 ដំបូល―ជាពាក្យជំនួយ។រាជវាំងនៃបាប៊ីឡូន 30នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
31ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ! 32អ្នកនឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់អ្នកនឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីអ្នក រហូតទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ”។
33រំពេចនោះ ពាក្យនោះត្រូវបានបំពេញឲ្យសម្រេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្ស ក៏សោយស្មៅដូចគោ ហើយព្រះកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតដល់ព្រះកេសារបស់ទ្រង់បានដុះឡើងដូចរោម#4:33 រោម―ជាពាក្យជំនួយ។ឥន្ទ្រី ហើយក្រចករបស់ទ្រង់បានដូចក្រចក#4:33 ក្រចក―ជាពាក្យជំនួយ។បក្សាបក្សី។
នេប៊ូក្នេសាសរសើរតម្កើងព្រះ
34លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង
ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប
ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ!
35មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ
ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌
និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។
គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
36នៅពេលនោះឯង វិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយសិរីរុងរឿងនៃអាណាចក្ររបស់យើង ភាពឧត្ដុង្គឧត្ដមរបស់យើង ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏ត្រឡប់មកយើងវិញដែរ។ ពួកទីប្រឹក្សារបស់យើង និងពួកនាម៉ឺនរបស់យើង បានស្វែងរកយើង ហើយយើងត្រូវបានតាំងឡើងលើអាណាចក្ររបស់យើងវិញ ក៏មានអានុភាពដ៏ខ្លាំងក្រៃលែងត្រូវបានបន្ថែមដល់យើងទៀត។ 37ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
Currently Selected:
ដានីយ៉ែល 4: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative