Matthew 3
3
1 នៅគ្រានោះ លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក បានមកប្រកាសនៅទីរហោឋានក្នុងស្រុកយូដា
2 ថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»
3 ដ្បិតអ្នកនេះហើយ ដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា៖ «មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ»។
4 លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃជាអាហារ។
5 បន្ទាប់មកមនុស្សពីក្រុងយេរូសាឡិម ពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងស្រុកទាំងអស់នៅជុំវិញអូរយ័រដាន់ បានចេញមករកគាត់
6 ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
7 ប៉ុន្ដែពេលឃើញពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីគាត់ គាត់ក៏និយាយទៅគេថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នាឲ្យរត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ?
8 ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្ដចុះ
9 ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។
10 ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះ រាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង
11 ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
12 ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
13 បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់
14 ប៉ុន្ដែលោកយ៉ូហានបានព្យាយាមឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?»
15 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲុ្យយើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។
16 កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប
17 នោះមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
Đang chọn:
Matthew 3: KCB
Tô màu
Chia sẻ
So sánh
Sao chép
Bạn muốn lưu những tô màu trên tất cả các thiết bị của mình? Đăng ký hoặc đăng nhập
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.