Zechariah 14:8-16

នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំងក៏ដូចជារដូវវស្សាដែរ។ ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់ គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។ ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ របស់ហ្លួង។ ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើត វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។ អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម ពួកគេនឹងប្រមូលយកជយភណ្ឌ ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។ គ្រោះកាចក៏នឹងកើតមានចំពោះសេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ នៅក្នុងជំរំរបស់ពួកគេ គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។ ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រ ហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។
សាការី 14:8-16