Revelation 1:8-18

ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ* និងព្យាយាមរួមជាមួយបងប្អូន ក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។ នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។ ខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំ ពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។ នៅកណ្ដាលជើងចង្កៀងទាំងនោះមានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។ ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថា: «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
វិវរណៈ 1:8-18