Psalms 68:19-27

សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ដ្បិតព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ព្រះជាអម្ចាស់អាចជួយយើង ឲ្យរួចផុតពីសេចក្ដីស្លាប់។ ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចម្បាំងសាសនា ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកម្ទេចក្បាល របស់ជនទុច្ចរិតទាំងនោះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនាំពួកគេពីភ្នំបាសាន យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។ ឱព្រះជាម្ចាស់អើយ មនុស្សម្នាបានឃើញក្បួនជ័យជម្នះរបស់ព្រះអង្គ ក្បួនជ័យជម្នះរបស់ព្រះជាម្ចាស់ ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ មានអ្នកចម្រៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។ ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ! គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។
ទំនុកតម្កើង 68:19-27