Psalm 40:1-11

ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សម្រែកទូលអង្វររបស់ខ្ញុំ។ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។ មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះអង្គក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។ ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។ ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
ទំនុកតម្កើង 40:1-11