ទំនុកតម្កើង 34:8-15

ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។ អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។ កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។ តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? បើចង់បាន ត្រូវតែចេះទប់អណ្ដាត កុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។ ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។ ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកព្រះហឫទ័យ ទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
ទំនុកតម្កើង 34:8-15