Psalms 30:5-10

ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។ នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា ទូលបង្គំនឹងមិនត្រូវរលំឡើយ!។ ឱព្រះអម្ចាស់អើយ! ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់។ បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ? ឱព្រះអម្ចាស់អើយ សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ! ឱព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំផង!។
ទំនុកតម្កើង 30:5-10