Psalms 24:1-10

ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។ តើនរណាអាចឡើងទៅលើភ្នំ របស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គបាន? មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។ ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឲ្យបានសុចរិតដែរ។ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ - សម្រាក ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក! តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក! តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់នៃពិភពទាំងមូល* គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿង!។ - សម្រាក
ទំនុកតម្កើង 24:1-10