ទំនុកតម្កើង 19:7-14

ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ វិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។ សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយដោយការប្រព្រឹត្តតាម ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។ គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។ សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ ព្រះអម្ចាស់អើយ សូមប្រោសប្រណីទទួលពាក្យដែលទូលបង្គំទូលថ្វាយ ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត នៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផង ដ្បិតព្រះអង្គជាថ្មដា និងជាព្រះដែលការពារទូលបង្គំ!។
ទំនុកតម្កើង 19:7-14