Psalms 18:30-50

មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង ព្រះអង្គជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយព្រះអង្គ។ មានតែព្រះអម្ចាស់មួយគត់ ដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។ ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំង និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំ រត់លឿនដូចសត្វក្ដាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។ ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ ឱព្រះអម្ចាស់អើយ ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ ព្រះអង្គគាំទ្រទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។ ព្រះអង្គការពារទូលបង្គំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកម្ទេចពួកគេអស់។ ទូលបង្គំកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។ ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជម្នះលើខ្មាំងសត្រូវ។ ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ ហើយទូលបង្គំបានធ្វើឲ្យអស់អ្នក ដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។ គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ គេស្រែកហៅព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។ ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ទូលបង្គំបានបោសពួកគេ ដូចភក់ជ្រាំនៅតាមផ្លូវ។ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមក ទាំងភ័យញាប់ញ័រ។ ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដារបស់ទូលបង្គំ! សូមលើកតម្កើងព្រះជាម្ចាស់ ដែលបានសង្គ្រោះទូលបង្គំ! ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបង្ក្រាបប្រជាជននានា ឲ្យមកចុះចូលនឹងទូលបង្គំ ហើយព្រះអង្គបានប្រោសទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ និងរំដោះទូលបង្គំឲ្យរួចផុតពី មនុស្សឃោរឃៅ។ ហេតុនេះហើយបានជាទូលបង្គំសរសើរ តម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។ ព្រះអង្គបានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ។
ទំនុកតម្កើង 18:30-50