Psalms 18:1-7

ទ្រង់មានរាជឱង្ការថា៖ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ! ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!។ សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។ ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
ទំនុកតម្កើង 18:1-7