Psalms 149:1-9

ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! ចូរឲ្យជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន! ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ! ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គ នាំគ្នាអរសប្បាយដ៏លើសលុប ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! សូមឲ្យគេសរសើរតម្កើងព្រះអង្គ មិនដាច់ពីមាត់ ហើយឲ្យគេកាន់ដាវមុខពីរ នៅជាប់នឹងដៃជានិច្ច ដើម្បីសងសឹកប្រជាជាតិនានា និងដាក់ទោសជាតិសាសន៍ទាំងឡាយ ហើយយកច្រវាក់ចងស្ដេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ! ហាលេលូយ៉ា!
ទំនុកតម្កើង 149:1-9