Psalms 126:1-6

ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឲ្យ យើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។
ទំនុកតម្កើង 126:1-6