ទំនុកតម្កើង 119:1-40

អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំចង់ប្រតិបត្តិតាម ច្បាប់របស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ! តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ! ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គ។ ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ! ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។ ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ។ ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗ ដែលព្រះអង្គបង្គាប់មកជានិច្ច។ ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។ សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។ ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំក៏ដោយ ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។ ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។ ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!។ សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។ ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។ សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ! ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមវិន័យ ដែលព្រះអង្គបង្គាប់មក។ ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។ ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។ សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។ សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ! សូមទាញអារម្មណ៍ទូលបង្គំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ! សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំ ខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
ទំនុកតម្កើង 119:1-40