Psalms 104:24-30

ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលព្រះអង្គបានបង្កើតមក។ មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ ពេលព្រះអង្គប្រទានចំណីអាហារ វាក៏នាំគ្នាទទួលយក ពេលព្រះអង្គផ្គត់ផ្គង់ឲ្យ វាបានឆ្អែតស្កប់ស្កល់។ ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។ ពេលណាព្រះអង្គប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។
ទំនុកតម្កើង 104:24-30