Proverbs 22:6-25

ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។ អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។ មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។ បំបាត់មនុស្សចំអកឡកឡឺយ ជម្លោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។ អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។ មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។ ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។ ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្ដាលឲ្យធ្លាក់ខ្លួនក្រ។ ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។ ខ្ញុំចង់ឲ្យអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកផ្ញើជីវិតលើព្រះអម្ចាស់។ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។ កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
សុភាសិត 22:6-25