Philippians 1:21-30

ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាង ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រិស្ត នោះប្រសើរជាងឆ្ងាយណាស់ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ ខ្ញុំជឿជាក់ និងដឹងថា ខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានចម្រើនឡើង ទាំងមានអំណរមកពីជំនឿ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អទៀតផង គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្តុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់ ដ្បិតព្រះអង្គប្រណីសន្ដោសបងប្អូនឲ្យបម្រើព្រះគ្រិស្ត ដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាក ដើម្បីព្រះអង្គទៀតផង។ បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
ភីលីព 1:21-30