Matthew 5:43-48

«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានឲ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយព្រះអង្គប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខព្រះអង្គគ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។
ម៉ាថាយ 5:43-48