Matthew 2:1-11

ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ស្ដេចរន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយស្ដេចដែរ។ ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ត*ត្រូវប្រសូត។ គេទូលស្ដេចថា ព្រះគ្រិស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖ «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង» ។ ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ស្ដេចចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឲ្យបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។
ម៉ាថាយ 2:1-11