Matthew 13:44-58

«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលុបហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់ត្រីគ្រប់យ៉ាង។ ពេលជាប់ត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យ ដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ* ប្រៀបបានទៅនឹងម្ចាស់ផ្ទះ ដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?។ អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
ម៉ាថាយ 13:44-58