Matouš 1:18-25

នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី*ថា៖ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។
ម៉ាថាយ 1:18-25