Lukas 9:23-61

បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អ្វី។ បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស*យាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវតា*ដ៏វិសុទ្ធ* ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ប្រមាណជាប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ និងព្យាការីអេលីយ៉ា កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាស្រែក រើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ វិញ្ញាណអាក្រក់ក៏ចេញទៅ ទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះឲ្យជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ ខណៈនោះ ពួកសិស្ស*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេនរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្សក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ពេលសិស្សពីរនាក់គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស*។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។
លូកា 9:23-61