Luke 22:19-30

បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។ ពេលនោះ ពួកសិស្ស*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ*ឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធ*ទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។
លូកា 22:19-30