យ៉ូអែល 2:12-18

«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គលែង ដាក់ទោសអ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក! ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់! ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើព្រះរបស់ពួកគេនៅឯណា”? ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុក របស់ព្រះអង្គខ្លាំងណាស់ ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
យ៉ូអែល 2:12-18