ヨハネによる福音書 14:21-31

អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញឲ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះឲ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ*ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។ វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
យ៉ូហាន 14:21-31