Isaiah 43:18-25

កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។ សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។ ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។ ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
អេសាយ 43:18-25