Ephesians 5:15-21

ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយព្រះវិញ្ញាណ។ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង។ បងប្អូនដែលកោតខ្លាចព្រះគ្រិស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
អេភេសូ 5:15-21