Ephesians 4:1-16

ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានផ្ដល់ព្រះគុណមកឲ្យយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រិស្តប្រទានមកយើង។ ហេតុនេះហើយបានជាមានថ្លែងទុកថា «ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក» ។ ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។ គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រិស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រិស្តដែលបំពេញអ្វីៗទាំងអស់។ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្តជាសិរសា គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
អេភេសូ 4:1-16