1 Peter 5:8-14

ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។ បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ត* ព្រះអង្គនឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។ សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែន។ ក្រុមជំនុំ*នៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមឲ្យបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ត* បានប្រកបដោយសេចក្ដីសុខសាន្ត។
១ ពេត្រុស 5:8-14