1 Kings 18:36-41

លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមឲ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមបញ្ជារបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេឲ្យវិលមករកព្រះអង្គវិញបាន»។ ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។ កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។ លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។ លោកអេលីយ៉ាទូលព្រះបាទអហាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។
១ ពង្សាវតារក្សត្រ 18:36-41