សេផានា 3:8-13

សេផានា 3:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។ ពួក​អ្នក​ថ្វាយ‌បង្គំ​យើង គឺ​កូន​ស្រី​នៃ​ពួក​អ្នក​ដែល​យើង​បាន​កម្ចាត់​កម្ចាយ​ទៅ គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​ទន្លេ ស្រុក​អេធីយ៉ូពី មក​ថ្វាយ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត ជា​ការ​ដែល​អ្នក​បាន​បះ​បោរ ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។ ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​នៅ​សេស​សល់ក្នុង​ពួក​អ៊ីស្រា‌អែល គេ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​ពាក្យ​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។ អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។ យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួន ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក ប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់‌ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពី​ព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ។ នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន‌ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់ ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​ដង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ នៅ​ថ្ងៃ​នោះ ឯង​មិន​ត្រូវ​ខ្មាស​ដោយ​ព្រោះ​អស់​ទាំង​កិរិយា ដែល​ឯង​បាន​ធ្វើ គឺ​ជា​ការ​ដែល​ឯង​បាន​រំលង​ទាស់​នឹង​អញ​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​កណ្តាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។

ចែក​រំលែក
អាន សេផានា 3