សេផានា 3:17-20
សេផានា 3:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។ យើងនឹងប្រមូលអស់អ្នកក្នុងចំណោម ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់ ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។ មើល៍ នៅគ្រានោះ យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក យើងនឹងសង្គ្រោះអ្នកដែលខ្វិន ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ ឲ្យទៅជាទីសរសើរ ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។ នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
សេផានា 3:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជម្នះ។ ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។ «យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។ នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ ព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នា ពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញ នៅចំពោះមុខរបស់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាមាន កេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោម ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
សេផានា 3:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្ដីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង អញនឹងប្រមូលអស់អ្នក ក្នុងពួកឯង ដែលស្តាយជំនុំមុតមាំ ជាពួកអ្នកដែលសេចក្ដីដំនៀលនោះ បានសង្កត់សង្កិនលើ មើល នៅគ្រានោះ អញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនឹងប្រមូលណាដែលត្រូវបណ្តេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្ដីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ នឹងជាកិត្តិសព្ទវិញ នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚