សេផានា 3:1-20

សេផានា 3:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា! គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។ គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។ ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។ ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា ជា​មនុស្ស​ក្បត់ ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌ របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។ យើង​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នានា​វិនាស​ទៅ កំផែង​ការ​ពារ​របស់​គេ​ត្រូវ​ដួល​រលំ យើង​បាន​ធ្វើ​ឲ្យ​ផ្លូវរបស់​គេ​ខូច‌បង់ កុំ​ឲ្យ​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​ត្រូវ​ទុក​ចោល​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ។ យើង​គិត​ថា "ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​កោត​ខ្លាច​យើង ឯង​រាល់​គ្នា​នឹង​ទទួល​ការ​ប្រៀន‌ប្រដៅ។ នោះ​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​មិន​ត្រូវ​កាត់​ចេញ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន តម្រូវឲ្យ​ទាស់​នឹង​ឯង​រាល់​គ្នា​ឡើយ"។ ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​អស់​ទាំង អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។ ពួក​អ្នក​ថ្វាយ‌បង្គំ​យើង គឺ​កូន​ស្រី​នៃ​ពួក​អ្នក​ដែល​យើង​បាន​កម្ចាត់​កម្ចាយ​ទៅ គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​ទន្លេ ស្រុក​អេធីយ៉ូពី មក​ថ្វាយ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត ជា​ការ​ដែល​អ្នក​បាន​បះ​បោរ ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។ ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​នៅ​សេស​សល់ក្នុង​ពួក​អ៊ីស្រា‌អែល គេ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​ពាក្យ​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​ពី​ចិត្ត​ទៅ! ព្រះ‌យេហូវ៉ា​បាន​លើក​លែង​ទោស​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​បង្វែរ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ។ ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​របស់​អ៊ីស្រា‌អែល គង់​នៅ​កណ្ដាល​អ្នក អ្នក​នឹង​មិន​ខ្លាច​សេចក្ដី​អាក្រក់​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។ យើង​នឹង​ប្រមូល​អស់​អ្នកក្នុង​ចំណោម ឯង​រាល់​គ្នា​ដែល​ស្តាយ​ស្រណោះ​ថ្ងៃ​បុណ្យ​ដ៏​សំខាន់ ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​រង​ដំណៀល​ទៀត​ឡើយ។ មើល៍ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ ឲ្យទៅ​ជា​ទី​សរសើរ ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។ នៅ​គ្រា​នោះ យើង​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក នៅ​គ្រា​នោះ យើង​នឹង​ប្រមូល​ផ្ដុំ​ឯង​រាល់​គ្នា ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ឲ្យ​បាន​ជា​ទី​សរសើរ​ក្នុង​ចំណោម អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី នៅ​ពេល​ដែល​យើង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក​ឡើង​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន សេផានា 3

សេផានា 3:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។ ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។ ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យ‌វិន័យ។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក ព្រះអង្គ​បង្ហាញ​យុត្តិធម៌ ឲ្យ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់‌ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។ យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោតខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។ ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។ អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។ យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួន ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក ប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។ «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។ នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ទី​ក្រុង​រឹង‌ចចេស ហើយ​ស្មោក‌គ្រោក គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គេ វា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ ពួក​ចៅហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ តែ​ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្តាល​វា ទ្រង់​សុចរិត​ទេ ទ្រង់​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ​រាល់​តែ​ព្រឹក ទ្រង់​នាំ​យក​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​មក​ដាក់​នៅ​ពន្លឺ ឥត​ខាន​ឡើយ តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ទេ អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេងៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​សោះ គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ទេ អញ​បាន​ប្រាប់​ថា ឲ្យ​គ្រាន់​តែ​កោត‌ខ្លាច​ដល់​អញ ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ នោះ​ទី​លំនៅ​របស់​គេ​មិន​ត្រូវ​កាត់​ចេញ តាម​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​ដំរូវ​ដល់​គេ​នោះ​ឡើយ តែ​គេ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់​ទាំង​កិរិយា​របស់​ខ្លួន​វិញ។ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់‌ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពី​ព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ។ នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន‌ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់ ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​ដង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ នៅ​ថ្ងៃ​នោះ ឯង​មិន​ត្រូវ​ខ្មាស​ដោយ​ព្រោះ​អស់​ទាំង​កិរិយា ដែល​ឯង​បាន​ធ្វើ គឺ​ជា​ការ​ដែល​ឯង​បាន​រំលង​ទាស់​នឹង​អញ​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​កណ្តាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ ព្រះ‌យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូ‌សាឡិម​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់‌ថយ​ឲ្យ​សោះ ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង អញ​នឹង​ប្រមូល​អស់​អ្នក ក្នុង​ពួក​ឯង ដែល​ស្តាយ​ជំនុំ​មុត‌មាំ ជា​ពួក​អ្នក​ដែល​សេចក្ដី​ដំនៀល​នោះ បាន​សង្កត់‌សង្កិន​លើ មើល នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​នឹង​ប្រមូល​ណា​ដែល​ត្រូវ​បណ្តេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ នឹង​ជា​កិត្តិសព្ទ​វិញ នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន សេផានា 3