សេផានា 1:1-18
សេផានា 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលា កេដាលាជាកូនអ័ម៉ារា អ័ម៉ារាជាកូនហេសេគា ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ជាព្រះរាជបុត្រារបស់ព្រះបាទអាំម៉ូន ស្តេចស្រុកយូដា។ យើងនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ យើងនឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត រួមជាមួយពួកមនុស្សអាក្រក់ យើងនឹងកាត់មនុស្សចេញពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ អស់អ្នកដែលថ្វាយបង្គំ ហើយស្បថដល់ព្រះយេហូវ៉ា តែក៏ស្បថដោយព្រះម៉ូឡុកផង អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។ ចូរស្ងាត់ស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ព្រះយេហូវ៉ាបានរៀបចំយញ្ញបូជា ព្រះអង្គបានញែកភ្ញៀវ ដែលចូលរួមជប់លៀងឲ្យបានបរិសុទ្ធ។ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច ព្រមទាំងអស់អ្នកដែលតែងខ្លួន ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។ នៅថ្ងៃនោះ យើងនឹងធ្វើទោសដល់អស់អ្នក ដែលលោតរំលងក្របទ្វារ និងអស់អ្នកដែលបំពេញផ្ទះរបស់ចៅហ្វាយខ្លួន ដោយអំពើឃោរឃៅ និងការឆបោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ នឹងមានឮសម្រែកចេញពីទ្វារត្រី និងសូរទ្រហោយំពីឃុំទីពីរ ហើយសូរគ្រាំគ្រេងចេញពីភ្នំទាំងប៉ុន្មាន។ ម្នាលពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានលែងមានទៀតហើយ ឯអស់អ្នកដែលថ្លឹងប្រាក់ក៏ត្រូវកាត់ចេញអស់ដែរ។ នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។ ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ក៏នៅជិត ហើយដេញប្រកិត សំឡេងនៃថ្ងៃរបស់ព្រះយេហូវ៉ា ជាសំឡេងជូរចត់ ពេលនោះ មនុស្សខ្លាំងពូកែនឹងស្រែកជាខ្លាំង។ ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃវេទនា ហើយឈឺចាប់ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់ ជាថ្ងៃឮសំឡេងត្រែ និងសម្រែកសឹកសង្គ្រាម ច្បាំងនឹងក្រុងដែលមានកំផែងការពារ ហើយទាស់នឹងប៉មខ្ពស់ៗ។ យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។ ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
សេផានា 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់ សម្រាប់គោរពព្រះបាល ព្រមទាំងលែងឲ្យមាននរណានឹកនាដល់ ពួកអាចារ្យ និងពួកបូជាចារ្យរបស់ ព្រះនោះទៀត។ យើងក៏កម្ទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។ យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើង ជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។ ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជា ព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀង ឲ្យបានបរិសុទ្ធហើយ។ «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោស ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម សាសន៍ដទៃ។ នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែល លោតពីលើក្របទ្វារព្រះវិហារ តាមរបៀប សាសន៍ដទៃ។ យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្ត អំពើឃោរឃៅ និងកលល្បិច ពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។ នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆា សម្រែកយំសោកលេចឮពីជាយក្រុងម្ខាង ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង នៅតាមភ្នំ។ ប្រជាជននៅផ្សារក្រោមអើយ ចូរនាំគ្នាស្រែកយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។ នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់ មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។ ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ ពួកគេដាំទំពាំងបាយជូរ តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។ ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់ នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលព្រះអម្ចាស់យាងមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។ ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំង ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ ជាថ្ងៃមហន្តរាយ និងហិនវិនាស ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ ជាថ្ងៃដែលមានពពក ងងឹតអាប់អួ ជាថ្ងៃដែលឮសំឡេងស្នែង និងសម្រែកសឹកសង្គ្រាមវាយយកក្រុង ដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។ ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។ នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
សេផានា 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលាៗ ជាកូនអ័ម៉ារាៗជាកូនហេសេគា នៅក្នុងរាជ្យនៃយ៉ូសៀស ព្រះរាជបុត្រាអាំម៉ូន ជាស្តេចយូដា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។ ចូរឲ្យនៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាត់ចែងយញ្ញបូជា ទ្រង់បានរើសពួកអ្នកដែលត្រូវអញ្ជើញមកហើយ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយ នឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោតនឹងសេចក្ដីឆបោក ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន ម្នាល ពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំចុះ ពីព្រោះពួកធ្វើជំនួញទាំងប៉ុន្មានត្រូវបំផ្លាញ អស់អ្នកដែលផ្ទុកដោយប្រាក់បានត្រូវវិនាសហើយ នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់ ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់ ជាថ្ងៃឮសូរត្រែ នឹងសំរែកដ៏ពន្លឹក ទាស់នឹងក្រុងដែលមានគ្រឿងការពារ ហើយទាស់នឹងកំផែងយ៉ាងខ្ពស់ អញនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាកឲ្យគេបានដើរដូចជាមនុស្សខ្វាក់ ដោយព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ឈាមគេនឹងត្រូវចាក់ចេញដូចជាធូលី ហើយសាច់របស់គេ ដូចជាលាមក ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។