សាការី 8:9-17

សាការី 8:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង​ដៃ​ចុះ សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​ប្រកាស​នៅ​ក្នុង​គ្រាចាក់គ្រឹះ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដ្បិត​មុន​គ្រា​នោះ គ្មាន​ថ្លៃ​ឈ្នួលសម្រាប់​មនុស្ស ឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស ដែល​ចេញ ឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន»។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្តចំពោះ​សំណល់​ជន​ជាតិ​នេះ ដូច​កាលពី​មុន​ទៀត​ទេ ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ដី​ក៏​ចម្រើន​ផល ផ្ទៃ​មេឃ​នឹង​ទម្លាក់​សន្សើម​មក ហើយ​យើង​នឹង​ឲ្យ​សំណល់​នៃ​ជន​ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មត៌ក។ ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើមអ្នក​ជា​ទី​ផ្ដាសា​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​យើង​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បានព្រះ​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កម្លាំង​ដៃ​វិញ​ចុះ»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដូច​ដែល​បុព្វ‌បុរស​របស់​អ្នក​បាន​បណ្ដាល​ឲ្យ​យើង​ក្រោធ នោះ​យើង​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះ យើង​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម និង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់​គ្នាត្រូវ​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សាការី 8

សាការី 8:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។ កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះ‌ពរ​ឲ្យ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង‌ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។ កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សាការី 8

សាការី 8:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង ដ្បិត​កាល​មុន​គ្រា​នោះ​គ្មាន​ថ្លៃ​ឈ្នួល​ដល់​មនុស្សឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស​ដែល​ចេញឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​មិន​ប្រព្រឹត្ត​នឹង​សំណល់​ជន‌ជាតិ​នេះ ដូច​កាល​ជាន់​មុន​ទៀត​ទេ ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ហើយ​ដី​នឹង​ចំរើន​ផល​ដែរ ផ្ទៃ​មេឃ​ក៏​នឹង​ទំលាក់​សន្សើម​មក ហើយ​អញ​នឹង​ឲ្យ​សំណល់​នៃ​ជន‌ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មរដក ឱ​ពួក​វង្ស​យូដា នឹង​ពួក​វង្ស​អ៊ីស្រាអែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ពួក​ឰយុកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​ឲ្យ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត នឹង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ បង្កើត​ការ​អាក្រក់​ក្នុង​ចិត្ត​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្អប់​អស់​ទាំង​អំពើ​យ៉ាង​នោះ​ណាស់។

ចែក​រំលែក
អាន សាការី 8