សាការី 8:20-23
សាការី 8:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
សាការី 8:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូលអង្វរព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយអ្នករាល់គ្នា”»។
សាការី 8:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថានឹងនៅមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក ពួកអ្នកនៅស្រុក១នឹងទៅឯស្រុក១ទៀតបបួលថា ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ឯខ្ញុំក៏នឹងទៅដែរ អើ ជនជាតិជាច្រើន នឹងសាសន៍យ៉ាងខ្លាំងពូកែ នឹងមកស្វែងព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរដល់ទ្រង់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្ស១០នាក់ពីភាសាផ្សេងៗ នឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា។