សាការី 8:1-23
សាការី 8:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំដូចតទៅ៖ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «យើងប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន យើងប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង។ យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នឹងមានមនុស្សចាស់ ទាំងប្រុសទាំងស្រី អង្គុយនៅតាមផ្លូវក្រុងយេរូសាឡិម គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ នៅក្នុងទីក្រុងនឹងមានកូនប្រុស កូនស្រីកំពុងលេងនៅតាមផ្លូវ»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «គ្រានោះ បើការនេះមើលទៅប្លែកភ្នែកដល់សំណល់ជនជាតិនេះ តើត្រូវប្លែកភ្នែកដល់យើងដែរឬ?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតយើងបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន»។ ប៉ុន្តែ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះសំណល់ជនជាតិនេះ ដូចកាលពីមុនទៀតទេ ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។ ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ដូចដែលបុព្វបុរសរបស់អ្នកបានបណ្ដាលឲ្យយើងក្រោធ នោះយើងបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តជាយ៉ាងណា សព្វថ្ងៃនេះ យើងគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
សាការី 8:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។ នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលព្យាការីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាព្រះអម្ចាស់នៃពិភពទាំងមូល។ កាលពីមុន គ្មាននរណាឲ្យថ្លៃឈ្នួលមនុស្ស ឬសត្វដែលបំពេញការងារទេ ហើយព្រោះតែខ្មាំងសត្រូវក៏គ្មាននរណាធ្វើដំណើរដោយសុខសាន្តដែរ ដ្បិតយើងបានបណ្ដោយឲ្យមនុស្សទាំងអស់ប្រហារគ្នាទៅវិញទៅមក។ ប៉ុន្តែ ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះប្រជាជនដែលនៅសេសសល់ ដូចយើងធ្លាប់ប្រព្រឹត្តពីអតីតកាលឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញព្រះពរឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង! ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ប៉ុន្តែ នៅពេលនេះ យើងដូរគំនិត ហើយសម្រេចចិត្តផ្ដល់ឲ្យអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា បានចម្រុងចម្រើន កុំភ័យខ្លាចអ្វីឡើយ! ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្ដីត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសម្រុះសម្រួលគ្នាតាមយុត្តិធម៌។ កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូលអង្វរព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយអ្នករាល់គ្នា”»។
សាការី 8:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ក៏មកដល់ខ្ញុំថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន អញមានសេចក្ដីប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ នឹងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ អស់ទាំងផ្លូវទីក្រុងនឹងបានពេញដោយកូនប្រុសស្រី ដែលកំពុងតែលេងក្នុងផ្លូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ នៅគ្រានោះ បើការនេះមើលទៅជាទីប្លែកភ្នែកដល់សំណល់ជនជាតិនេះ នោះតើត្រូវបានជាទីប្លែកភ្នែកដល់អញដែរឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងជួយសង្គ្រោះរាស្ត្រអញឲ្យរួចពីស្រុកខាងកើត ហើយពីស្រុកខាងលិចដែរ អញនឹងនាំគេមក នោះគេនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡិម គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់គេ ដោយសេចក្ដីពិតនឹងសេចក្ដីសុចរិត។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ គឺឯង ដែលសព្វថ្ងៃនេះ ឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហារ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្សឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្សដែលចេញឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់ជនជាតិនេះ ដូចកាលជាន់មុនទៀតទេ ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក ឱពួកវង្សយូដា នឹងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្តាសា នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកំឡាំងដៃវិញចុះ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា កាលពួកឰយុកោឯងបានបណ្តាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា សព្វថ្ងៃនេះ អញគិតធ្វើល្អដល់ក្រុងយេរូសាឡិម នឹងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត នឹងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា កុំឲ្យពួកឯងណាមួយគិតគូរ បង្កើតការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្អប់អស់ទាំងអំពើយ៉ាងនោះណាស់។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិតនឹងសេចក្ដីសុខចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថានឹងនៅមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក ពួកអ្នកនៅស្រុក១នឹងទៅឯស្រុក១ទៀតបបួលថា ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ឯខ្ញុំក៏នឹងទៅដែរ អើ ជនជាតិជាច្រើន នឹងសាសន៍យ៉ាងខ្លាំងពូកែ នឹងមកស្វែងព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរដល់ទ្រង់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្ស១០នាក់ពីភាសាផ្សេងៗ នឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា។