សាការី 7:8-14

សាការី 7:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មក​កាន់​សាការី ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​វិនិច្ឆ័យដោយ​យុត្តិ‌ធម៌ មាន​ចិត្ត​សប្បុរស និង​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក កុំ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ពួក​កំព្រា ពួក​បរទេស ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណាម្នាក់ប្រព្រឹត្ត​អាក្រក់ ទាស់​នឹង​បង‌ប្អូន​ខ្លួន​ដែរ»។ ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​តាម​សោះ គេ​ក៏​ងាកមុខ​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ។ ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម មិន​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​មក​ប្រាប់ តាម​រយៈ​ពួក​ហោរា​កាល​ពី​ជំនាន់​មុន​នោះ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក្រោធ​ជា​ខ្លាំង។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ដូចជា​យើង បាន​ស្រែកហៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា នោះ​គេ​ក៏​ស្រែក​ដែរ តែ​យើង​មិន​ព្រម​ស្តាប់​ដូច​គ្នា គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។

ចែក​រំលែក
អាន សាការី 7

សាការី 7:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាការី​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា​ករុណា និង​អាណិត‌អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​ទុគ៌ត ហើយ​កុំ​មាន​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ!»។ «ប៉ុន្តែ ពួក​គេ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ ពួក​គេ​មាន​ចិត្ត​រឹង‌រូស ខ្ទប់​ត្រចៀក​ធ្វើ​មិន​ដឹង​មិន​ឮ។ ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ព្យាការី​នៅ​ជំនាន់​មុន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “ពេល​យើង​ហៅ​រក​ពួក​គេ ពួក​គេ​ពុំ​ព្រម​ស្ដាប់​យើង​ទេ ហេតុ​នេះ​ពេល​ពួក​គេ​ហៅ​រក​យើង យើង​ក៏​ពុំ​ព្រម​ស្ដាប់​ពួក​គេ​ដែរ។ យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។

ចែក​រំលែក
អាន សាការី 7

សាការី 7:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សាការី​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្ដី​សប្បុរស នឹង​សេចក្ដី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ កុំ​ឲ្យ​សង្កត់‌សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ​បង្កើត​ការ​អាក្រក់ នៅ​ក្នុង​ចិត្ត ទាស់​នឹង​បង​ប្អូន​ខ្លួន​ដែរ ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ​វិញ អើ គេ​បាន​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម​ដែក​ភ្លើង ក្រែង​គេ​ឮ​ក្រឹត្យ‌វិន័យ នឹង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​ទ្រង់​មក​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ពី​ដើម ដោយ​ហេតុ​នោះ​បាន​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ចេញ​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ ទ្រង់​បាន​ស្រែក​ទៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា គេ​ក៏​នឹង​ស្រែក​ដែរ តែ​អញ​មិន​ព្រម​ស្តាប់​ដូច​គ្នា គឺ​អញ​នឹង​កំចាត់‌កំចាយ​គេ ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​មិន​បាន​ស្គាល់​ឡើយ ដូច្នេះ ស្រុក​ក៏​បាន​ស្ងាត់​ច្រៀប នៅ​ខាង​ក្រោយ​គេ ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទៀត​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​លំអ​ទៅ​ជា​ទី​ខូច​បង់។

ចែក​រំលែក
អាន សាការី 7