សាការី 7:7-14
សាការី 7:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើនេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ តាមរយៈពួកហោរា នៅពេលដែលមានមនុស្សរស់នៅយ៉ាងសុខដុម នៅក្នុងក្រុងយេរូសាឡិម ទីក្រុងនៅជុំវិញ តំបន់ណេកិប និងស្រុកទំនាបទេឬ? ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។ ប៉ុន្តែ ពួកគេមិនស្តាប់តាមសោះ គេក៏ងាកមុខចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮ។ ពួកគេតាំងចិត្តរឹងដូចជាថ្ម មិនតាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណមកប្រាប់ តាមរយៈពួកហោរាកាលពីជំនាន់មុននោះឡើយ។ ហេតុនោះហើយបានជាព្រះយេហូវ៉ានៃពួកពលបរិវារក្រោធជាខ្លាំង។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
សាការី 7:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកព្យាការីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងព្រះនាមព្រះអម្ចាស់ដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាការីដូចតទៅ៖ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។ «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។ ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈព្យាការីនៅជំនាន់មុន ដោយព្រះវិញ្ញាណរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងពួកគេ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។ យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
សាការី 7:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមិនមែនជាសេចក្ដីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡិមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្ដីចំរើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង នឹងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សាការីថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ ប៉ុន្តែ គេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ នឹងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្ដីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា ដូច្នេះ ទ្រង់បានស្រែកទៅ តែគេមិនព្រមស្តាប់យ៉ាងណា គេក៏នឹងស្រែកដែរ តែអញមិនព្រមស្តាប់ដូចគ្នា គឺអញនឹងកំចាត់កំចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។