សាការី 5:5-11
សាការី 5:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ទេវតាដែលពោលមកខ្ញុំ ក៏ចេញទៅ ដោយប្រាប់ខ្ញុំថា៖ «ចូរងើយមើលអ្វីដែលចេញទៅនោះ»។ ខ្ញុំក៏សួរថា៖ «តើនោះជាអ្វី?» ទេវតាប្រាប់ថា៖ «នោះជាកញ្ជ្រែង ដែលត្រូវចេញទៅ» ហើយក៏ប្រាប់ទៀតថា៖ «នេះជារូបភាពរបស់គេ នៅក្នុងស្រុកនេះទាំងមូល»។ រួចឃើញមានគេលើកសំណទម្ងន់មួយហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ជ្រែងនោះ ទេវតាប្រាប់ថា៖ «នេះគឺជាអំពើអាក្រក់» រួចសង្កត់នាងចុះទៅក្នុងកញ្ជ្រែង ព្រមទាំងដាក់ដុំសំណគ្របមាត់កញ្ជ្រែងផង។ ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។ ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើស្ត្រីទាំងពីរនាក់នោះយកកញ្ជ្រែងទៅណា?» ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។
សាការី 5:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតាដែលសន្ទនាជាមួយខ្ញុំ បានខិតចូលមកជិតខ្ញុំ ប្រាប់ថា៖ «ចូរងើយសម្លឹងមើលទៅវត្ថុដែលកំពុងតែចេញមកនោះ!»។ ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវតាឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។ ពេលគម្របសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។ ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើង ផុតពីដី។ ខ្ញុំសួរទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។ ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។
សាការី 5:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ទេវតាដែលពោលនឹងខ្ញុំ ក៏ចេញទៅដោយប្រាប់ខ្ញុំថា ចូរងើបភ្នែកឯងឡើងឥឡូវ ដើម្បីនឹងមើលអ្វីៗដែលចេញទៅនោះ ខ្ញុំក៏សួរថា តើជាអ្វី រួចទេវតាប្រាប់ថា នេះគឺជារង្វាល់ដែលចេញទៅ ក៏ប្រាប់ទៀតថា នេះជារូបភាពរបស់គេ នៅពេញក្នុងស្រុកនេះ រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី នឹងផ្ទៃមេឃ រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។