សាការី 5:1-11

សាការី 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក្រឡេក​មើល​ម្តង​ទៀត ឃើញ​ក្រាំង​មួយ​ដែល​កំពុង​ហោះ ទេវតា​ក៏​សួរ​ខ្ញុំ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​តប​ថា៖ «ឃើញ​ក្រាំង​មួយ​កំពុង​ហោះ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ដប់​ហត្ថ»។ ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​ត្រូវ​កើត​ទៅ​លើ​ផែនដី​ទាំង​មូល ផ្នែក​ម្ខាង​នៃ​ក្រាំង​នោះ សរសេរ​ថា អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​ដក​ចេញ ហើយ​ម្ខាង​ទៀត​សរសេរ​ថា អ្នក​ណា​ដែល​ស្បថ​បំពាន នឹង​ត្រូវ​ដក​ចេញ​ដែរ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឲ្យ​បណ្ដាសា​នោះ​ចេញ​ទៅ នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង»។ ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។ ខ្ញុំ​ក៏​សួរ​ថា៖ «តើ​នោះ​ជា​អ្វី?» ទេវតា​ប្រាប់​ថា៖ «នោះ​ជា​កញ្ជ្រែង ដែល​ត្រូវ​ចេញ​ទៅ» ហើយ​ក៏​ប្រាប់​ទៀត​ថា៖ «នេះ​ជា​រូប‌ភាព​របស់​គេ នៅ​ក្នុង​ស្រុក​នេះ​ទាំង​មូល»។ រួច​ឃើញ​មាន​គេ​លើក​សំណ​ទម្ងន់​មួយ​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​កញ្ជ្រែង​នោះ ទេវតា​ប្រាប់​ថា៖ «នេះ​គឺ​ជា​អំពើ​អាក្រក់» រួច​សង្កត់​នាង​ចុះ​ទៅ​ក្នុង​កញ្ជ្រែង ព្រម​ទាំង​ដាក់​ដុំ​សំណ​គ្រប​មាត់​កញ្ជ្រែង​ផង។ ខ្ញុំ​បាន​ងើយមើល​ទៅ ឃើញ​មាន​ស្ត្រី​ពីរ​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ហើយ​មាន​ខ្យល់បក់​ប៉ះ​ស្លាប ពួក​គេ​ក៏​លើក​កញ្ជ្រែង​នោះ​ឡើង​ផុត​ពី​ផែនដី។ ខ្ញុំបាន​សួរ​ទេវតា​ដែល​ពោល​មក​ខ្ញុំ​ថា៖ «តើ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​យក​កញ្ជ្រែង​ទៅ​ណា?» ទេវតា​ឆ្លើយ​ថា៖ «យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណាធ្វើ​ផ្ទះ​រួច​រាល់​ហើយ នាង​នឹង​ដាក់​កញ្ជ្រែង​នៅ​កន្លែង​នោះ»។

ចែក​រំលែក
អាន សាការី 5

សាការី 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ។ ទេវតា​សួរ​ខ្ញុំ​ថា «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​ថា «ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ»។ ក្រាំង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​ហត្ថ។ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​កើត​មាន​ក្នុង​ស្រុក​ទាំង​មូល។ ផ្នែក​ខាង​មុខ​នៃ​ក្រាំង​មាន​សរសេរ​ថា ពួក​ចោរ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ស្រុក ហើយ​ផ្នែក​ខាង​ខ្នង​មាន​សរសេរ​ថា ពួក​ស្បថ​បំពាន​ក៏​ត្រូវ​ដេញ​ចេញ​ពី​ស្រុក​ដែរ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។ ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។ ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវតា​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។ ពេល​គម្រប​សំណរ​បើក​ឡើង ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​ហិប។ ទេវតា​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គម្រប​ស្ពាន់​បិទ​ពី​លើ។ ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។ ខ្ញុំ​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។ ទេវតា​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ី‌ណើរ សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។

ចែក​រំលែក
អាន សាការី 5

សាការី 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ខ្ញុំ​ងើប​ភ្នែក​ឡើង​ម្តង​ទៀត ក្រឡេក​មើល​ឃើញ​ក្រាំង​១​ដែល​កំពុង​ហោះ ទេវតា​ក៏​សួរ​មក​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​តប​ថា ឃើញ​ក្រាំង​១​កំពុង​ហោះ មាន​បណ្តោយ​២០​ហត្ថ ហើយ​ទទឹង​១០​ហត្ថ នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​ជា​សេចក្ដី​បណ្តាសា ដែល​ផ្សាយ​ចេញ​ទៅ​លើ​ផែនដី​ទាំង​មូល ដ្បិត​តាម​ក្រាំង​នោះ អស់​អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​កាត់​ចេញ ហើយ​តាម​ក្រាំង​នោះ អស់​អ្នក​ណា​ដែល​ស្បថ​រំលាយ​ខ្លួន នឹង​ត្រូវ​កាត់​ចេញ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ផ្សាយ​ចេញ​ទៅ នោះ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ នឹង​ថ្ម​ផង។ លំដាប់​នោះ ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​ចេញ​ទៅ​ដោយ​ប្រាប់​ខ្ញុំ​ថា ចូរ​ងើប​ភ្នែក​ឯង​ឡើង​ឥឡូវ ដើម្បី​នឹង​មើល​អ្វីៗ​ដែល​ចេញ​ទៅ​នោះ ខ្ញុំ​ក៏​សួរ​ថា តើ​ជា​អ្វី រួច​ទេវតា​ប្រាប់​ថា នេះ​គឺ​ជា​រង្វាល់​ដែល​ចេញ​ទៅ ក៏​ប្រាប់​ទៀត​ថា នេះ​ជា​រូប‌ភាព​របស់​គេ នៅ​ពេញ​ក្នុង​ស្រុក​នេះ រួច​ឃើញ​មាន​គេ​លើក​សំណ​ទំងន់​១​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ ទេវតា​ប្រាប់​ថា នេះ​គឺ​ជា​អំពើ​អាក្រក់ រួច​ក៏​សង្កត់​នាង​ចុះ​ទៅ​ក្នុង​រង្វាល់ ព្រម​ទាំង​ដាក់​ដុំ​សំណ​នោះ គ្រប​នៅ​មាត់​រង្វាល់​ផង នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង​ក្រឡេក​ទៅ ឃើញ​មាន​ស្ត្រី​២​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ដែល​ជក់​ដោយ​ខ្យល់ គេ​ក៏​លើក​រង្វាល់​នោះ​ឡើង នៅ​កណ្តាល​ផែនដី នឹង​ផ្ទៃ​មេឃ រួច​ខ្ញុំ​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា ស្ត្រី​ទាំង​២​នេះ​នាំ​យក​រង្វាល់​ទៅ​ឯ​ណា ទេវតា​ក៏​តប​ថា គេ​យក​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នាង នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណា​ផ្ទះ​បាន​ស្រេច​ហើយ នោះ​នាង​នឹង​បាន​តាំង​នៅ​ទី​នោះ ក្នុង​កន្លែង​របស់​ខ្លួន។

ចែក​រំលែក
អាន សាការី 5