សាការី 4:8-10
សាការី 4:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះព្រះវិហារនេះ ហើយលោកនឹងធ្វើបង្ហើយ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមកមែន។ ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំងប្រាំពីរនាក់នោះនឹងរីករាយ ហើយឃើញខ្សែប្រយោល នៅក្នុងដៃរបស់សូរ៉ូបាបិលផង។ «ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល»។
សាការី 4:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «សូរ៉ូបាបិលបានចាក់គ្រឹះព្រះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាព្រះនេត្ររបស់ព្រះអម្ចាស់ដែលទតមើលផែនដីទាំងមូល»។
សាការី 4:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមកឯឯង ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនឹងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។