សាការី 4:1-6

សាការី 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទេវតា​ដែល​បាន​សន្ទនា​ជា‌មួយ​ខ្ញុំមុន​នោះ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក។ រួច​ទេវតា​សួរ​ខ្ញុំ​ថា៖ «តើអ្នក​មើល​ឃើញ​អ្វី?» ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​ប្រាំពីរ បំពង់​ប្រាំ​ពីរ សម្រាប់​បង្ហូរ​ប្រេង​ទៅ​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។ មាន​ដើម​អូលីវពីរ​នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង»។ ខ្ញុំ​ក៏​សួរទៅ​ទេវតា​ដែល​ពោលមក​ខ្ញុំ​ថា៖ «លោក​ម្ចាស់​អើយ តើ​នេះ​ជា​អ្វី?» ទេវតា​ក៏​ឆ្លើយ​ថា៖ «តើ​អ្នក​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ?» ខ្ញុំ​តប​ថា៖ «លោក​ម្ចាស់​អើយ ខ្ញុំ​មិន​ស្គាល់​ទេ»។ ពេល​នោះ ទេវតា​ប្រាប់​មក​ខ្ញុំ​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​យើង។

ចែក​រំលែក
អាន សាការី 4

សាការី 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ស្មារតី ដូច​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។ ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។ នៅ​ក្បែរ​ជើង​ចង្កៀង​នោះ​មាន​អូលីវ​ពីរ​ដើម មួយ​នៅ​ខាង​ស្ដាំ​កន្លែង​ដាក់​ប្រេង មួយ​ទៀត​នៅ​ខាង​ឆ្វេង»។ ខ្ញុំ​ពោល​ទៅ​កាន់​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់ តើ​វត្ថុ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?»។ ទេវតា​តប​មក​ខ្ញុំ​វិញ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ខ្ញុំ​ប្របាទ​មិន​ដឹង​ទេ លោក​ម្ចាស់»។ ពេល​នោះ ទេវតា​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន សាការី 4

សាការី 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល នឹង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​និមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ

ចែក​រំលែក
អាន សាការី 4