សាការី 3:1-5
សាការី 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មកទៀត ទេវតាបានបង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំង ឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំង ថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាបន្ទោសអ្នក ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ស្ដីបន្ទោសដល់អ្នក តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» រីឯយេសួរកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ ទេវតាក៏ពោលទៅពួកអ្នកដែលឈរនៅចំពោះមុខថា៖ «ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីលោក» រួចទេវតាពោលទៅលោកថា៖ «មើល៍! ខ្ញុំបានដកអំពើទុច្ចរិតចេញពីអ្នកហើយ ខ្ញុំនឹងបំពាក់សម្លៀកបំពាក់ដ៏រុងរឿងវិញ»។ ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។
សាការី 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។ ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវតា។ ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។ បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឈ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឈ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវតារបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។
សាការី 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសំលៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។