សាការី 3:1-4
សាការី 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មកទៀត ទេវតាបានបង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំង ឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំង ថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាបន្ទោសអ្នក ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ស្ដីបន្ទោសដល់អ្នក តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» រីឯយេសួរកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ ទេវតាក៏ពោលទៅពួកអ្នកដែលឈរនៅចំពោះមុខថា៖ «ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីលោក» រួចទេវតាពោលទៅលោកថា៖ «មើល៍! ខ្ញុំបានដកអំពើទុច្ចរិតចេញពីអ្នកហើយ ខ្ញុំនឹងបំពាក់សម្លៀកបំពាក់ដ៏រុងរឿងវិញ»។
សាការី 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។ ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវតា។ ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។
សាការី 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសំលៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ