សាការី 3:1-10

សាការី 3:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក​ទៀត ទេវតាបាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យេសួរ ជា​សម្ដេច​សង្ឃ ឈរ​នៅ​ចំពោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា មាន​អារក្ស​សាតាំង ឈរ​នៅ​ខាង​ស្តាំ​លោក ដើម្បី​តវ៉ា​នឹង​លោក។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង ថា៖ «ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​បន្ទោស​អ្នក ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ស្ដី​បន្ទោស​ដល់​អ្នក តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?» រីឯ​យេសួរ​កំពុង​ឈរ​នៅ​ចំពោះ​ទេវតា​ទាំង​ស្លៀក‌ពាក់​កខ្វក់ ទេវតា​ក៏​ពោលទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​ចំពោះ​មុខ​ថា៖ «ចូរ​ដោះ​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក» រួចទេវតាពោល​ទៅ​លោក​ថា៖ «មើល៍! ខ្ញុំ​បានដក​អំពើ​ទុច្ចរិត​ចេញ​ពីអ្នក​ហើយ ខ្ញុំ​នឹង​‌បំពាក់សម្លៀក​បំពាក់​ដ៏​រុងរឿង​វិញ»។ ពេល​នោះ ខ្ញុំ​ក៏​ពោល​ថា៖ «សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក​ផង»។ ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក និង​សម្លៀក​បំពាក់ មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ «បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​យើង ហើយ​រក្សា​បញ្ញើរ​របស់​យើង នោះ​អ្នក​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​យើង ព្រម​ទាំង​រក្សា​ទី‌លាន​របស់យើង យើង​នឹង​ឲ្យ​អ្នក​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ។ ឱ​យេសួរ​ជា​សម្ដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា‌មួយ​អ្នក​ផង ព្រោះ​គេ​ជា​ពួក​អស្ចារ្យ ដ្បិត​យើង​នឹង​ឲ្យ​អ្នក​បម្រើ​របស់​យើង "លំពង់" ចេញ​មក។ មើល៍! ថ្ម​ដែល​យើង​បាន​ដាក់​នៅ​មុខ​យេសួរ ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​ប្រាំពីរ យើង​នឹង​ចារឹក​លើ​ថ្ម​នោះ ហើយ​យើង​នឹង​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​ស្រុក​ក្នុង​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​អ្នក​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ក្រោម​ដើម​ល្វា​រៀង​ខ្លួន»។

ចែក​រំលែក
អាន សាការី 3

សាការី 3:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ឃើញ​លោក​មហា​បូជា‌ចារ្យ*​យេសួរ ឈរ​នៅ​មុខ​ទេវតា*​របស់​ព្រះអង្គ ហើយ​មារ*​សាតាំង​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​លោក។ ទេវតា​របស់​ព្រះ‌អម្ចាស់ពោល​ទៅ​កាន់​មារ​សាតាំង​ថា៖ «សូម​ព្រះ‌អម្ចាស់​ផ្ដន្ទា​ទោស​អ្នក! សាតាំង​អើយ សូម​ព្រះ‌អម្ចាស់​ផ្ដន្ទា​ទោស​អ្នក! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេសួរ​វិញ លោក​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។ ពេល​នោះ លោក​យេសួរ​មាន​សម្លៀក‌បំពាក់​កខ្វក់ លោក​ឈរ​នៅ​មុខ​ទេវតា។ ទេវតា​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវតា​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​ឲ្យ​លោក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។ បន្ទាប់​មក ទេវតា​ពោល​ថា៖ «ចូរ​យក​ឈ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឈ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​លោក។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។ ដូច្នេះ មហា​បូជា‌ចារ្យ​យេសួរ​អើយ ចូរ​ស្ដាប់! រីឯ​អ្នក​ឯ​ទៀតៗ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក ក៏​ត្រូវ​ស្ដាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រផ្នូល​អំពី​កិច្ចការ​ដែល​នឹង​កើត​មាន។ យើង​នឹង​នាំ “ពន្លក” ជា​អ្នក​បម្រើ​របស់​យើង​មក។ យើង​នឹង​ដាក់​ថ្ម​មួយ​នៅ​មុខ​យេសួរ លើ​ថ្ម​តែ​មួយ​នេះ​មាន​ភ្នែក​ដល់​ទៅ​ប្រាំ‌ពីរ។ យើង​នឹង​ចារ​អក្សរ​លើ​ថ្ម​នោះ ដោយ​ដៃ​យើង​ផ្ទាល់។ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ យើង​នឹង​ដក​បាប​ចេញ​ពី​ស្រុក​នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន សាការី 3

សាការី 3:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មកទេវតា​នោះ ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យេសួរ ជា​សំដេច​សង្ឃ ឈរ​នៅ​ចំពោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា មាន​អារក្ស​សាតាំង​ឈរ​នៅ​ខាង​ស្តាំ​លោក ដើម្បី​តវ៉ា​នឹង​លោក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាតាំង​ថា ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស​ឯង អើ ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ទ្រង់​ស្តី​បន្ទោស​ដល់​ឯង​នេះ តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ រីឯ​យេសួរ លោក​កំពុង​ឈរ​នៅ​ចំពោះ​ទេវតា​ទាំង​ស្លៀក‌ពាក់​កខ្វក់ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ដោះ​សំលៀក‌បំពាក់​កខ្វក់​ពី​លោក​ចេញ រួច​ទ្រង់​មាន​បន្ទូល​ដល់​លោក​ថា មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​វិញ នោះ​ខ្ញុំ​ក៏​ទូល​ថា សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក​ផង ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក ព្រម​ទាំង​ប្រដាប់​កាយ​ឲ្យ​ផង មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។ ឯ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ ឱ​យេសួរ​ជា​សំដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា​មួយ​នឹង​ឯង​ផង ព្រោះ​គេ​ជា​ពួក​ដែល​ជា​ទី​អស្ចារ្យ ដ្បិត​មើល អញ​នឹង​ឲ្យ​អ្នក​បំរើ​របស់​អញ​ឈ្មោះ«លំពង់»ចេញ​មក ចូរមើល​ថ្ម ដែល​អញ​បាន​ដាក់​នៅ​មុខ​យេសួរ​ចុះ នៅ​ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​៧ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចារឹក​ចំឡាក់​ដែល​ត្រូវ​ឆ្លាក់​នៅ​ថ្ម​នោះ ហើយ​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ពី​ស្រុក​នេះ​ចេញ​ក្នុង​១​ថ្ងៃ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​ឯង​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​រៀង​ខ្លួន។

ចែក​រំលែក
អាន សាការី 3