សាការី 14:3-9

សាការី 14:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ប្រហារ​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចម្បាំង​ដែល​ព្រះ‌អង្គ​បាន​ច្បាំង​នឹង​គេ​ដែរ។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។ ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។ នៅ​ថ្ងៃ​នោះ នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ត្រជាក់ ឬទឹកកក ទៀត​ហើយ។ ថ្ងៃ​នោះ​ខុស​ពី​ធម្មតា មាន​តែ​ព្រះ‌យេហូវ៉ា​ដែល​ដឹង មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែ នៅ​ពេល​ព្រលប់ ក៏​មាន​ពន្លឺ​ដែរ។ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះជា​រដូវ​ក្តៅ ក៏​ដូច​រដូវ​រងា។ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។

ចែក​រំលែក
អាន សាការី 14

សាការី 14:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ព្រះអង្គ​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ព្រះអង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។ នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក ហើយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ ក៏​មក​ជា​មួយ​ដែរ។ នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។ ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច រដូវ​ប្រាំង​ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន សាការី 14

សាការី 14:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំបាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ទ្រង់​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជា​២ នៅ​ចំ​ពាក់​កណ្តាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​១​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​អញ ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល អើ ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា​មួយ នៅ​ថ្ងៃ​នោះ ពន្លឺ​នឹង​មិន​ភ្លឺ​ច្បាស់ឬ​ងងឹត​ផង គឺ​ថ្ងៃ​នោះ​នឹង​បាន​ជា​ថ្ងៃ​១ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់ មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែលុះ​ដល់​ពេល​ព្រលប់ នោះ​នឹង​មាន​ពន្លឺ​វិញ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះ​ទាំង​រដូវ​ក្តៅនឹង​រដូវ​រងា ក៏​នឹង​មាន​ដូច្នោះ​ដែរ។ ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ

ចែក​រំលែក
អាន សាការី 14