សាការី 14:1-15
សាការី 14:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេមកយកទ្រព្យសម្បត្តិរបស់អ្នក ហើយចែកគ្នានៅមុខឯងរាល់គ្នា។ ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។ ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។ នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។ ពេលនោះ ឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់យើង ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល។ អ្នកឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដីនៅក្នុងរាជ្យអូសៀស ជាស្តេចយូដា។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំនឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយដែរ។ នៅថ្ងៃនោះ នឹងលែងមានពន្លឺថ្ងៃ លែងមានត្រជាក់ ឬទឹកកក ទៀតហើយ។ ថ្ងៃនោះខុសពីធម្មតា មានតែព្រះយេហូវ៉ាដែលដឹង មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ នៅពេលព្រលប់ ក៏មានពន្លឺដែរ។ នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិម ពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងលិច ទោះជារដូវក្តៅ ក៏ដូចរដូវរងា។ ព្រះយេហូវ៉ានឹងធ្វើជាមហាក្សត្រលើផែនដីទាំងមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះមួយព្រះអង្គ ហើយព្រះនាមព្រះអង្គនឹងមានតែមួយដែរ។ ស្រុកទាំងមូល ចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម។ ប៉ុន្តែ គេនឹងសង់ក្រុងយេរូសាឡិមឡើងវិញនៅកន្លែងធម្មតា ចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច។ ក៏នឹងមានមនុស្សរស់នៅ ហើយគ្មានបណ្ដាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត។ ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ នៅថ្ងៃនោះ នឹងមានចលាចលជាខ្លាំង ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្ដាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន។ ពួកយូដានឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិរបស់គ្រប់សាសន៍ជុំវិញ នឹងប្រមូលគ្នា គឺមាស ប្រាក់ និងសម្លៀកបំពាក់យ៉ាងសន្ធឹក ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
សាការី 14:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ! ប្រជាជនក្រុងយេរូសាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ ព្រះអម្ចាស់នឹងយាងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាម និងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។ នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកម្រើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។ ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ ក៏មកជាមួយដែរ។ នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។ ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា មានតែព្រះអម្ចាស់ទេដែលជ្រាប។ ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំងក៏ដូចជារដូវវស្សាដែរ។ ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់ គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។ ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ របស់ហ្លួង។ ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើត វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។ អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម ពួកគេនឹងប្រមូលយកជយភណ្ឌ ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។ គ្រោះកាចក៏នឹងកើតមានចំពោះសេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ នៅក្នុងជំរំរបស់ពួកគេ គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
សាការី 14:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេនឹងចាប់របឹបជារបស់ផងឯង ចែកគ្នានៅកណ្តាលឯង ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ឬងងឹតផង គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅនឹងរដូវរងា ក៏នឹងមានដូច្នោះដែរ។ ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង នឹងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច ក៏នឹងមានមនុស្សអាស្រ័យនៅ ហើយនឹងគ្មានសេចក្ដីបណ្តាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្តវិញ។ ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្តាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន ឯពួកយូដាគេនឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិនៃគ្រប់សាសន៍ជុំវិញ នឹងបានប្រមូលគ្នា គឺមាស ប្រាក់ នឹងសំលៀកបំពាក់យ៉ាងសន្ធឹក ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា នឹងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។