សាការី 12:1-10
សាការី 12:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ថ្លែងពីស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមធ្ងន់ដូចជាថ្ម សម្រាប់មនុស្សទាំងអស់ អ្នកណាដែលលើកថ្មនោះ នឹងត្រូវរបួសធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងវាយសេះឲ្យជ្រួលច្របល់ ហើយឲ្យពួកអ្នកជិះត្រូវវិលខួរដែរ យើងនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយសេះរបស់សាសន៍ទាំងប៉ុន្មានឲ្យខ្វាក់ភ្នែក។ ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា "ពួកក្រុងយេរូសាឡិមមានកម្លាំង ដោយព្រោះព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់គេ"។ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា ដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះ។ ព្រះយេហូវ៉ានឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុនសិន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ និងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានតម្កើងឡើងលើសជាងពួកយូដា។ នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។ នៅថ្ងៃនោះ យើងនឹងតាំងចិត្ត ដើម្បីបំផ្លាញសាសន៍ទាំងប៉ុន្មាន ដែលមកទាស់នឹងក្រុងយេរូសាឡិម»។ «យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
សាការី 12:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាស នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងអំពីស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានព្រះបន្ទូលថា៖ «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូលក៏ព្រឺខ្លាចដែរ។ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹងលើកគ្នាមកប្រហារក្រុងនេះ។ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។ នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។ នៅថ្ងៃនោះ យើងនឹងកម្ទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
សាការី 12:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន នោះនឹងត្រូវរបួសជាធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង ព្រះយេហូវ៉ា ទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ នឹងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានដំកើងឡើងលើសជាងពួកយូដាឡើយ នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។ នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។ អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន